ពិធីបិទការប្រកួតកីឡា នៅខេត្តកណ្តាល

បន្ទាប់ពី​ដំណើរការ​ប្រកួត​រយៈពេល ៨ ថ្ងៃ​កន្លង ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល​ប្រចាំឆ្នាំ​សិក្សា ២០១៤-២០១៥ បានបញ្ចប់​នារសៀល​ថ្ងៃទី ១១ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ ។

លោកស្រី គង់ ចាន់​បុស្បា អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ការប្រកួត​ជ្រើសរើស​ជើងឯក​នេះ​មាន​វិញ្ញាសារ​អត្តពលកម្ម ១៦ ក្រុម​មាន​កីឡាករ កីឡា​ការ​នី ២០៨ នាក់ វិញ្ញាសារ​បាល់បោះ​មាន ១៦ ក្រុម​សើ្ម​នឹង ១៩២ នាក់ វិញ្ញាសារ​បាល់បោះ​មាន ២៩ ក្រុម ស្មើនឹង ៣៤៨នាក់ និង​វិញ្ញាសារ​បាល់ទាត់​មាន ២៥ ក្រុម ស្មើនឹង ៤៥០នាក់ ។

ចំពោះ​ក្រុមកីឡា​សិស្ស​បឋមសិក្សា​របស់​ខេត្តកណ្តាល និង​ត្រូវ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​នៅ​ខេត្តស្វាយរៀង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ ២៦ ខែ កុ​ម្ភះ ដល់​ថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៥ និង​ក្រុមកីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ឆ្នាំ ២០១៥ នៅ​ខេត្តបាត់ដំបង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៣០ ខែ​មិនា ដល់​ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៥ ។

ថ្លែង​សន្ទរកថា​ទៅកាន់ក្មួយៗជា​កីឡាករ កីឡា​ការ​នី ឯកឧត្តម ហង្ស យុទ្ធ អភិបាលរង​ខេត្តកណ្តាល បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចំរើន​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​កីឡា​ត្រូវបាន​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​កីឡាករ​កីឡា​ការ​នី​កម្ពុជា មានឱកាស​ទៅ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ពិសេស​បាន​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ នា​ឆ្នាំ ២០២៣ ខាងមុខនេះ ។ ឯកឧត្តម​បាន​ក្រើនរំលឹក​ដល់​ក្រុមកីឡា​ទាំងអស់​ដែល​មិន​ទទួលបាន​ជ័យជំនះ ត្រូវខិតខំ​ហ្វឹកហាត់​ដើម្បី​ដណ្តើមយក​ពានរង្វាន់​ស​ម្រា​ប់ឆ្នាំក្រោយៗទៀត ។

ទន្ទឹមនឹងនេះ ក្រុម​ដែល​ឈ្នះ​ត្រូវ​ស្គា​ល់ពី​ភារកិច្ច​របស់ខ្លួន​បន្ត​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការប្រកួត ទូទាំងប្រទេស​ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ខែ​មិនា និង​មេសា​ខាងមុខនេះ ធ្វើយ៉ាងណា​ដើម្បី​ដណ្តើមពាន​រង្វាន់​ជូន​ខេត្ត ។

ពិធី​បានបញ្ចប់​បន្ទាប់ពី​ឯកឧត្តម​អភិបាលរង​ខេត្តកណ្តាល និង​ភ្ញៀវកិត្តិយស​បាន​អញ្ជើញ​ផ្តល់រ​ង្វាន់​ដល់​កីឡាករ កីឡា​ការ​នី ក្រុមកីឡា ដែល​ទទួលបាន​ចំណាត់ថ្នាក់​តាម​ការកំណត់​របស់​គណៈកម្មការ ។

អថបទដោយ វរៈ

រូបថតដោយ វិចិត្រ