កិច្ចប្រជុំការងារគណនេយ្យភាពខេត្តកណ្តាល

នៅក្នុង​​កិច្ចប្រជុំ​​ប្រចាំខែ​​ក​ក្ក​ដា ​ឆ្នាំ​២​០​១​៥ របស់​​ក្រុ​ម​កា​រ​ងារ​​​គណ​​នេយ្យ​ភាព​​ខេត្ត ​នា​​រសៀល​​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ២០​១៥​ ឯកឧ​ត្ត​ម ​ជា​វ ​តា​​យ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​គណនេយ្យភាព​ខេត្ត បាន​ផុ្ត​ល់​អនុសាសន៍​ដល់​មន្ត្រីក្រោមឱវាត​ត្រូវ​ពង្រឹង​លើក​ការងារ​ត្រួតពិនិត្យ​ប្រអប់​សំបុត្រ​ដែល​ដាក់​នៅតាម​បណ្តា​ឃុំ​ពិសេស​គោ​ដៅ ឲ្យ​បានជា​ប្រចាំ​ហើយ​សំខាន់​ជាង​នេះ ក្រុមការងារ​ត្រូវមាន​លេខ​ទូរស័ព្ទ នៅ​ប្រអប់​សំបុត្រ​ងាយស្រួល​ប្រជាពលរដ្ឋ​អាច​ទំនាក់ទំនង​ដោយផ្ទាល់​តាមរយៈ​ទូរស័ព្ទ​ក្នុងករណី​កើតមាន​ហេតុការណ៍ភ្លាមៗនៅតាម​មូលដ្ឋាន ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍន៍​មូលដ្ឋាន រឺ​បញ្ហា​ប្រឈមផ្សេងៗដែលជា​ទង្វើ​មិន​ស្រប់ច្បាប់​របស់​អាជ្ញាធរ​ក្នុងការ​អនុវត្ត​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ជាពិសេស​ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​តូច​មិនចេះ​សរសេរ ដើម្បី​ដាក់​ក្នុង​ប្រអប់​សំបុត្រ​គណនេយ្យភាព។ ឯកឧត្តម បាន​បន្តទៀតថា​ក្រុមការងារ​អាចធ្វើ​បាន​ច្នេះ​គឺ​យើង​អាច​ដឹងបាន​ច្រើន​នូវ​សំណូមពរ​ចាំបាច់ និង​ពា​ក្ស​បណ្តឹង​ផ្ទាល់មាត់​ពី​ប្រជាពល​រដ្ឋ​ដែល​ធ្វើ​ឲ្យ​ក្រុមការងារ​អាចមាន​វី​ធី​សាស្ត្រ​ចុះ​ស្រាវជ្រាវ​ដើម្បី​ឆ្លើយតប។ ចំពោះ​ពា​ក្ស​បណ្តឹង​ដែល​ក្រុមការងាទទួលរ​បាន​តាមរយៈ​ប្រអប់​សំបុត្រ​គណនេយ្យភាព រឺ​ផ្ទាលមាត់​ក្តី​ក្រុមការងារ​ដែលមាន​ចំណាត់​តាំង​តាម​ភារកិច្ច​ហើយ​នោះ​ត្រូវ​ចុះ​ស្រាវជ្រាវ​អង្កេត និង​សិក្សា​ឲ្យ​បានច្បាស់លាស់​មុននឹង​ធ្វើការ​ដោះស្រាយ​ជៀសវាង​ក្រុមការងារ​ដោះស្រាយ​ហើយ​មិ​ន​ឆ្លើយតប​ទៅនឹង​គោលបំណង​នៃ​ពា​ក្ស​បណ្តឹង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាចរអា​មិន​ហ៊ាន​បញ្ចេញមតិ​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន។ នៅក្នុង​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃទី ៥ខែសីហា ឆ្នាំ២០១៥ នេះដែរ​អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមការងារ​គណនេយ្យភាព​ប្រចាំខែ​មិថុនា ឆ្នាំ២០១៥ ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ​កក្កដា ដែល​អាន​ដោយ​លោក ទ្រី ប៊ុន​ហ៊ាង ប្រធាន​ក្រុមគាំទ្រ​និង​ស្តាប់​សេចក្តីសំរេច​ស្តីពី​ការកែសម្រួល​សមាសភាព​ក្រុមគាំទ្រ​នៃ​ក្រុមការងារ​គណនេយ្យ។ ឯកឧត្តម ជាវ តា​យ បានបញ្ជាក់​ជូន​ដល់​ក្រុមការងារ​គណនេយ្យភាព​ខេត្ត​អំពី​ការរៀបចំ​ឲ្យ​មាន​ប្រអប់​សំបុត្រ​គណនេយ្យភាព​បន្ថែមទៀត​ចំនួន ១០៤ប្រអប់ នៅតាម​ភូមិ ឃុំ​អាទិភាព​ក្នុងនោះ អង្គការ​ការី​តាស ឧបត្ថម្ភ២០ អង្គការ​ទស្សន​ពិភពលោក​ឧបត្ថម្ភ២០ និង​សល់​ប៉ុន្មាន​ទៀត​ខេត្ត​នឹង​ចេញ​សំរាប់​ការកសាង។ ឯកឧត្តម បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ពិនិត្យ​ដោះស្រាយ​លើ​ពា​ក្ស​បណ្តឹង​ផ្ទាល់មាត់​ចំនួន២ករណី នៅ​ឃុំ​ទំនប់​ធំ ស្រុក​ពញ្ញាឮ គឺ​អ្នក​ចិញ្ចឹម​មាន់នៅ​ភូមិ​ត្រពាំង​ព្រៃ​ចិញ្ចឹម​មាន់​ជាប់​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ក្លិនស្អុយ​កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ឡាន​កុង​ទ​ន័​រ បើក​លឿន​ហុយ​ដី​ធ្វើ​ឲ្យ​ប្រជាជន​ជួប​ការលំបាក់​ក្នុងការ​ធ្វើដំណើរ៕

អត្ថបទដោយ៖ សុខ សៅវរៈ

រូបភាពដោយ៖ វិចិត្រ