តួ​នា​ទី​ភារ​កិច្ច​របស់​ក្រុម​ប្រឹក្សា​ត្រូវ​បាន​ដក​ស្រង់​មក​ពិ​ភា​​ក្សា​យ៉ាង​ផុល​ផុស ក្នុង​សិក្ខា​សា​លា​ឆ្លុះ​បញ្ចាំង​ស្តី​ពី​ការ​អនុ​វត្ត​តួ​នា​ទី ភារ​កិច្ច និង​ខ្សែ​គណ​នេយ្យ​ភាព​របស់​ក្រុម​ប្រឹក្សា

យោងតាម​កាលវិភាគ​ហ្វឹកហ្វឺន​សម្រាប់​ខែ សីហា ឆ្នាំ២០១៥ នៅ​ព្រឹក​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅ​រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង​បានរៀបចំ​សិក្ខាសាលា​ឆ្លុះបញ្ចាំង​មួយ ស្តីពី​ការអនុវត្ត​គណនេយ្យភាព ការតាមដាន​ត្រួតពិនិត្យ តួនាទី ភារកិច្ច និង​ទំនាក់ទំនង​ការងារ​របស់​ក្រុមប្រឹក្សា ស្រុក ។

ដែលមាន​សមាសភាព​ចូលរួម​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សរុប​ចំនួន ១៩រូប (ស្ត្រី ៥រូប) ។

ក្នុង​សិក្ខាសាលា​ឆ្លុះបញ្ចាំង​នា​ថ្ងៃ​នេះដែរ ក្រុមការងារ​បច្ចេកទេស​នៃ​មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត បាន​សម្របសម្រួល និង​បែងចែក​ក្រុម​ជា ០៥ ក្រុម ដោយ​ពិភាក្សា​លំអិត​ទៅលើ​ការអនុវត្ត តួនាទី​ភារកិច្ច និង​គណនេយ្យភាព​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ចំនួន ១៩ ចំនុច ។

ការពិភាក្សា​បាន​ដំណើរ​យ៉ាង​រលូន នឹង​ផុលផុស ដោយបាន​ចំណាយ​ថេរវេលា​អស់​រយៈពេល ៦០នាទី​រួចមក តំណាង​ក្រុម​និមួយៗបាន​ឡើង​ធ្វើ​បទ​បង្ហាញ ដល់​ក្រុម​ផ្សេងទៀត និង​ធ្វើការ​ឆ្លើយបំភ្លឺ​លើ​ចំណុច​មួយចំនួន ដែល​បានលើកឡើង​ដោយ លោក លោកស្រី​ជា​សមាជិក​ក្រុម​ផ្សេង ។

បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​របស់​ក្រុម​និមួយៗបានបញ្ចប់ លោក នឿន ប៊ុន​ជា ជា​សមាជិក​មួយរូប​នៃ​ក្រុមការងារ​បច្ចេកទេស​ម​ណ្ឌ​ល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត បាន​ឡើង​ធ្វើ​បទ​បង្ហាញ​បន្ថែម​លើ​ខ្លឹមសារ​នៃ​ការអនុវត្ត​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ​របស់​ក្រុមប្រឹក្សា និង​បន្ត​បង្កើតអោយមាន​សំណួរ​បំផុស​ក្រុម​ធំ​អំពី​ការបែងចែក​តួនាទី​ភារកិច្ច​ដល់ សមាជិក​ក្រុមប្រឹក្សា​ក្នុង​ការចុះ​មូលដ្ឋាន ដើម្បី​ជួយ​គាំ​ដល់​ក្រុមប្រឹក្សាឃុំ​ប្រកបដោយ​ប្រសិទ្ធិភាព បង្ហាញ​ពី​ដំណើរការ​សង្ខេបនៃ​ការរៀបចំ​កិច្ចប្រជុំ​ជាមុន និង​ការរៀបចំ​ផែនការ​សកម្មភាព​រប​ស់​ក្រុមប្រឹក្សា ។

គួរ​រំលឹក​ផងដែរ​ថា​នេះ​ជា​សិក្ខាសាលា​ឆ្លុះបញ្ចាំង​មួយ​ក្នុងចំណោម​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ចំនួន​បី​ផ្សេងទៀត​ដែល​មណ្ឌល​អភិវឌ្ឍន៍​ធនធាន មនុស្ស បាន​អនុវត្ត​ជូន​ដល់​ក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង ក្នុង​ខេត្តកណ្តាល កន្លងមក ដែល​បាន​ជ្រើស​យក​នូវ​ប្រធានបទសំខាន់ធំៗ ដូចជា ទស្សនទាន​យេនឌ័រ ទស្សនទាន​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ គុណ​ស​ម្ប​តិ្ត​នៃ​ឥរិយាបទ​មន្ត្រីរាជការ ដោយមាន​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋបាលខេត្ត ។    

ក្រោយពី​បានទទួល​ការធ្វើ​បទ​បង្ហាញ​ពី​ក្រុម​អ្នកសម្របសម្រួល និង​បាន​ពិភាក្សា​តាម​ក្រុម​តូច ក្រុម​ធំ ព្រមទាំង​ភ្ជាប់​បន្ថែម​នូវ​សំនួរ​បំផុស​ដល់​អ្នកចូលរួម​ទាំងអស់ ធ្វើអោយ​សិក្ខាកាម​មានការ​យល់ដឹង​បន្ថែមទៀត​ទៅលើ​ការអនុវត្ត​គណនេយ្យភាព ការតាមដាន​ត្រួតពិនិត្យ លើ​តួនាទី ភារកិច្ច និង​ទំនាក់ទំនង​ការងារ​របស់ខ្លួន​កាន់តែ​ប្រសើរ​ថែមទៀត​ផងដែរ ។

អត្ថបទ និងរូបភាពដោយ៖ ទិត តូ

តារាងកាលវិភាគហ្វឹកហ្វឺនសម្រាប់​ខែ សីហា ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តកណ្តាល