ចំពោះមុខការងារអប់រំ ត្រូវតែបន្ថែមលើគុណភាព

ចំពោះមុខសំរាប់សកម្មភាពក្នុងឆ្នាំ ២០១៧ វិស័យអប់រំយុវជន និងកីឡា ខេត្តកណ្តាល ត្រូវបន្តអនុវត្តយុទ្ធសាស្រ្ត គន្លឹះទាំង៤ ដំណាក់កាលទី២ យកចិត្តទុកដាក់​ដល់ការសិក្សា​ និងតាមដានការសិក្សាដល់ផ្ទះ​ ពង្រឹងការបង្រៀន​ និងរៀនអោយបាន​ពេញម៉ោងប្រកបដោយវិជ្ជាជីវៈ និងប្រលងប្រណាំងគោលការណ៏​សាលារៀនស្អាត។នេះជាការលើកឡើងរបស់ ឯកឧត្តម គីម រឹទ្ធី អភិបាលរងខេត្តកណ្តាល​ នៅក្នុងឱកាសដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បូកសរុបការងារ​គំរោង​កែលំអរគុណភាព​គុណភាពសាលារៀន និងបូកសរុបវាយតម្លៃការងារ​អប់រំ រយៈពេល៩ខែ និងលើកទិសដៅការងារបន្ត​ នាចុងសប្តាហ៏កន្លងទៅនេះ ។

        ឯកឧត្តម អភិបាលរងខេត្តបានថ្លែងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងសិស្សដែលបានខិតបង្រៀន និងខំរៀនក្នុងឆ្នាំសិក្សា ២០១៦-២០១៧កន្លងមកនេះធ្វើអោយលទ្ធផលនៃការ​សិក្សាគ្រប់កំរិត​ទទួលបានលទ្ធផលល្អ​ ពិសេសលទ្ធផល​នៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលទើបកន្លងទៅថ្មីៗនេះ។លទ្ធ​ផលដែលខេត្តកណ្តាលទទួលបាននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញបានពីការខិតខំយក​ចិត្តទុកដាក់​របស់រដ្ឋបាលខេត្ត ស្រុក និងមាតា បិតាសិស្សបាននោះទេ ព្រោះថា យើងទាំងអស់គ្នាសុទ្ធតែបានយល់ពីការងារ​អប់រំដែលមានសារៈប្រយោជន៏​យ៉ាងសំខានសំរាប់អនាគតកូន! និងការអភិវឌ្ឍន៏ប្រទេសជាតិ ។

        នៅក្នុងពិធីនេះដែរ លោក អ៊ុង តុលា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា​ខេត្តកណ្តាល បានរាយការណ៏អោយដឹងពីលទ្ធតាមអនុវិស័យទាំង៣នៃវិស័យអប់រំក្នុងនោះមានអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សា​ និងសកម្មភាពក្នុងការ ពង្រឹងគុណភាពសិស្ស ទាំងមុននិងពេលប្រលង។លទ្ធផលដែលខេត្តទទួលបានមានបេក្ខជនទទួល   និទ្ទេស A ចំនួន២៦នាក់ និទ្ទេស B ១៦៨នាក់             និទ្ទេស  C ៣៥៤នាក់ និទ្ទេស D ៧១០នាក់ និងនិទ្ទេស E ៣៣៨២នាក់ ៕

Loading the player ...