កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១២-២០១៤ របស់ខេត្ត

កម្ម​វិ​ធី​វិ​និ​យោគ​បី​ឆ្នាំ​រំ​កិល​ ២០១២-២០១៤ គឺ​ជា​ឯក​សារ​ទី​២​ ក្នុង​អា​ណត្ដិ​ទី១​របស់​ក្រុម​ប្រឹក្សា​ខេត្ដ​។ ​សៀវ​ភៅ​កម្ម​​វិ​ធី​វិ​និ​យោគ​នេះ​ក៏​ជា​ឯក​សារ​មូល​ដ្ឋាន​សម្រាប់​អនុ​វត្ដ​សកម្មភាព​ជា​អាទិភាព​សំខាន់ៗ​ស្រប​តាម​ក្រប​ខណ្ឌ​អភិវឌ្ឍន៍​ខេត្ដ​និង​ ជា​ពិ​សេស​សម្រាប់​កៀរ​គរ​ធន​ធាន​ទាំង​ថវិកា​និង​បច្ចេក​ទេស​ពី​ប្រ​ភព​នា​នា​ព្រម​ទាំង​សម្រាប់​ការ​តាម​ដាន​ការ​អភិវឌ្ឍ​ក្នុង​ខេត្ដ​ផង​ដែរ​។ កម្ម​វិធី​វិនិយោគ​នេះ​ពិត​ជា​នឹង​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​នូវ​គោល​នយោបាយ​យុទ្ធ​សាស្ដ្រ​ចតុកោណ ដំ​ណាក់​កាល​ទី​២​របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​សម្ដេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន ជា​​ប្រ​មុខ​ដឹក​នាំ​។

កម្ម​វិធី​វិ​និ​យោគ​បី​ឆ្នាំ​រំកិល ២០១២-២០១៤ ដែល​សម្ដេច​ ទ្រង់​ ឯកឧត្ដម​ លោកជំទាវ​ លោកឧកញ៉ា​ អ្នក​ឧកញ៉ា លោក លោកស្រី កំពុង​​តែ​អាន​នៅ​ក្នុង​ដៃ​នា​ពេល​នេះ​ពិត​ជា​បាន​រៀប​ចំ​ឱ្យ​មាន​សង្គ​តិ​ភាព​ជា​មួយ​ផែន​ការ​អភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​២០១១-២០១៥ របស់​ខេត្ដ​ដែល​បាន​ចង​ក្រង​ឡើង​ដោយ​មាន​ការ​ចូល​រួម​ និង យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ពី​ គណៈ​អភិបាល​ខេត្ដ និង ក្រុម​ការ​ងារ​កសាង​ផែន​ការ​ ព្រម​ទាំង​បាន​បញ្ចូល​អនុសាសន៍​ដែល​បាន​មក​ពី​ការ​ពិ​គ្រោះ​យោ​បល់ និងពិភាក្សា​ជា​មួយ ក្រុម ប្រឹក្សា​ខេត្ដ មន្ទីរ អង្គ​ភាព​ជុំ​វិញ​ខេត្ដ​ ស្រុក ក្រុង ទី​ចាត់​ការ​ចំណុះ​សាលា​ខេត្ដ ទី​ប្រឹក្សា​ប្រចាំ​ខេត្ដ អង្គការ​សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ និង​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​បច្ចេក​ទេស​ខេត្ដ។ កម្ម​វិធី​វិ​និ​យោគ​បាន​ដំណើរ​ការ​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ ២០១១ និង​បាន​រៀប​ចំ​ធ្វើ​សិក្ខា​សាលា​សមា​ហរណ​កម្ម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​​វិច្ឆិកា​ឆ្នាំ​២០១១​ ។ ជា​លទ្ធ​ផល​មាន ការ​ឆ្លើយ​តប ១២០គំរោង មាន​ទឹក​​ប្រាក់​​សរុប​​១.៥៨៥,១២០.០០០រៀល ប៉ុន្ដែ​គំរោង​កំពុង​ដំណើរ​ការ និង គំរោង​ដែល​មាន​ការ​សន្យា គាំ​ទ្រ​ពី​សាលា​ខេត្ដ និង ក្រសួង ស្ថាប័នផ្សេងៗ មាន​ចំនួន​ ២១៧គំរោង ដែល​មាន​ទឹក​ប្រាក់​សរុប ១,៣៦៣.២៦៧.០០០រៀល ស្មើ​៣៤០.៧១៦.៧០៥ដុល្លា។ នេះ​បង្ហាញ​ថា​ធន​ធាន​ជា​ច្រើន​ដែល​បាន​មក​ពី​ប្រ​ភព​នានា​រួម​ទាំង​ថវិកា​រាជ​រដ្ឋា​ភិបាល ថវិកា​គុណ​បំ​ណាច់​​ខេត្ដ​ថវិកា​ពី​ដៃ​គូ​អភិវឌ្ឍន៍ និង វិស័យ​ឯក​ជន​ផង​ដែរ។  ចំពោះ​គំរោង​ដែល​មិន​ទាន់​មាន​ការ​សន្យា​គាំ​ទ្រ​រដ្ឋ​បាល​ខេត្ដ​រួម​និង​មន្ទីរ​ជុំវិញ​ខេត្ដ​នឹង​ព្យា​យាម​បន្ដ​ស្វែង​រក​ធន​ធាន​ថែម​ទៀត​នា​ឆ្នាំ​បន្ទាប់​ដោយ​ពង្រឹង​ពង្រីក​ភាព​ជា​ដៃ​គូ​ជា​មួយក្រសួង ដៃ​គូ​អភិវឌ្ឍន៍​នានា​អង្គការ​សង្គម​ស៊ីវិល​និង វិស័យ​ឯក​ជន។

ក្រុម​ប្រឹក្សា​ខេត្ដ​កណ្ដាល​អាណត្ដិ​ទី១ សូម​ថ្លែង​អំណរ​គុណ​ចំពោះ​គណៈ​អភិបាល​ខេត្ដ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​បច្ចេក​ទេស​គណៈកម្មា​ធិការ​ពិគ្រោះ​យោបល់​កិច្ច​ការ​ស្ដ្រី​និង​កុមារ​ខេត្ដ​ទី​ចាត់​ការ​ទាំង​អស់​​របស់​សាលា​ខេត្ដ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ដ ក្រុម​ប្រឹក្សា គណៈអភិបាលក្រុង-ស្រុក ទីប្រឹក្សា​កម្ម​វិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ​ប្រចាំ​ខេត្ដ អង្គការ​សង្គម​ស៊ីវិល ប្រជា​ពល​រដ្ឋ និង​អ្នក​ពាក់​ព័ន្ធ​នានា​ក្នុង​ខេត្ដ​ដែល​បាន​ដឹក​នាំ សម្រប​សម្រួល និង ចូល​រួម​ក្នុង​ដំ​ណើរ​ការ​កសាង​កម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ដ​រហូត​បាន​សម្រេច​ជា​ស្ថា​ពរ​ ។

ក្រុម​ប្រឹក្សា​ខេត្ដ​មាន​ជំនឿ​ជាក់​ថា​កម្ម​វិធីវិនិយោគ​បី​ឆ្នាំ​រំកិល ២០១២-២០១៤ នេះ​នឹង​ត្រូវ​បាន​អនុវត្ដ​ប្រកប​ដោយ​តម្លាភាព​គណនេយ្យភាព​ការ​ចូល​រូម​ និង ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​រៀង​រាល់​ឆ្នាំ​។ ក្រុម​ប្រឹក្សា​ខេត្ដ​សង្ឃឹម​ថា រដ្ឋ​បាល​ឯក​ភាព​ខេត្ត​កណ្ដាល​នឹង​មាន​លទ្ធ​ភាព​ស្វែង​រក​ធន​ធាន​បន្ថែម​ទៀត​ដើម្បី​អនុវត្ដ​គំរោង​អាទិភាព​នានា​ដែល​បាន​លើក​ឡើង​ក្នុង​កម្ម​វិធីវិនិយោគ​នេះ​។

សូមចុចទីនេះដើម្បីទាញយកព័ត៌មានលំអិតស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១២-២០១៤