កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១១-២០១៣​ របស់ខេត្ត

ក្រុម​ប្រឹក្សា​ខេត្ដ​កណ្ដាល​អាណត្ដិ​ទី១ កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត​អស​កល នា​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ២០០៩ តាម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ដ ក្រុង ស្រុក ខណ្ឌ បាន​អនុវត្ដ​នូវ​តួនាទី​ភារកិច្ច​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច សង្គម​កិច្ច​នៅ​មូល​ដ្ឋាន​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ស្រប​តាម​គោល​នយោ​បាយ​វិមជ្ឈការ និង​​វិសហមជ្ឈការ​ដោយ​យក​អភិបាល​កិច្ច​ល្អ​ជា​ស្នូល​ដឹក​នាំ​។ ទន្ទឹម​នឹង​ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍ​ខេត្ដ ២០១១-២០១៥ រដ្ឋ​បាល​ខេត្ដ​កណ្ដាល​ដែល​មាន​ក្រុម​ការ​ងារ​កសាង​ផែន​ការ​បាន​ប្រឹង​ប្រែង​រៀប​ចំ​ព្រាង​កម្ម​វិធីវិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ដ​ជា​បណ្ដើរៗ​តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការ ជាតិ សម្រាប់​ការ​​អភិវឌ្ឍ​​តាម​​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។ ក្រោយ​ពី​ទទួល​បាន​អនុ​លោម​ភាព​លើ​ផែន​ការ​អភិវឌ្ឍ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ពី​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ ២០១១ ដំណើរ​ការ​កសាង​កម្ម​វិធីវិនិយោគ​បី ឆ្នាំ​រំកិល​ខេត្ដ​បាន​បន្ដ​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​អង្គ​ភាព​ពាក់​ព័ន្ធ ​ទូ​ទាំង​ខេត្ដ​ដែល​នាំ​អោយ​សិក្ខា​សាលា​សមា​ហរណ​កម្ម​កម្ម​វិធីវិនិយោគ​បាន​រៀប​ចំ​នៅ​ថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ២០១១។ ជា​លទ្ធ​​ផល​មាន​ការ​ឆ្លើយ​តប​តែ ៤៧ គំរោង ប៉ុន្ដែ គំរោងកំពុងដំណើរការ និង គំរោងដែលមានការសន្យាគាំទ្រ​ពី​សាលា ខេត្ដ​និង​ក្រសួង​ស្ថាប័ណផ្សេងៗ​ មាន​ចំនួន​៣២៧​គំរោង​ដែល​មាន ​ទឹក​ប្រាក់​សរុប ​១.៤៩៦.៥៩៣លាន រៀល ស្មើនឹង ៣៦១.៣៤៨.២៥០ដុល្លា

នេះបង្ហាញថាធនធាន ជាច្រើន ដែលបានមកពីប្រភព នានា រួម​ទាំង​ថវិកា​រាជ​រដ្ឋា​ភិបាល​ថវិកា​គុណ​បំណាច់​ខេត្ដ​ថវិកា​ពីដៃ​គូ​អភិវឌ្ឍន៍​និង​វិស័យ​ឯក​ជន​ផង​ដែរ។  ចំពោះ​គំរោង​ដែល​មិន​ទាន់​មាន​ការ​សន្យា​គាំ​ទ្រ​រដ្ឋ​បាល​ខេត្ត​រួម​និង​មន្ទីរ​ជុំ​វិញ​ខេត្ដ​នឹង​ព្យា​យាម​បន្ដ​ស្វែង​រក​ធន​ធាន​ថែម​ទៀត​នា​ឆ្នាំ​បន្ទាប់ ដោយ​ពង្រឹង​ពង្រីក​ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រសួង​ដៃ​គូ​អភិវឌ្ឍន៍​នានា​អង្គ​ការ​សង្គម​ស៊ី​វិល​និង​វិស័យ​ឯក​ជន​ ។ លទ្ធ​ផល​នៃ​កម្ម​វិធីវិនិយោគ​៣ឆ្នាំ​រំកិល​ពិត​ជា​ស្រប​នឺង​ក្រប​ខ័ណ្ឌ​អភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​ខេត្ដ និង​បាន​ឆ្លើយ​តប​យ៉ាង​ពិត​ប្រា​កដ​ទៅ​នឹង​ដំណើរ​ការ​អភិវឌ្ឍន៍​តាម​បែ​ប​ប្រជាធិប តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​និង​លើក​កម្ពស់​គុណ​ភាព​សេវា​លើក​កម្ពស់​ជីវភាព​រស់​នៅ​និង​សុខុមាល​ភាព​សំដៅ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពល​រដ្ឋ​ក្នុង​ខេត្ដ។

ក្រុម​ប្រឹក្សា​ខេត្ដ​កណ្ដាល​អាណត្ដិ​ទី១​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​គណៈ​អភិបាល​ខេត្ដ​គណៈកម្មាធិការសម្រប​សម្រួល​បច្ចេកទេស គណៈកម្មាធិការ​ពិគ្រោះ​យោ​បល់​កិច្ច​ការ​ស្ដ្រី​និង​កុមារ​ខេត្ដ​ទី​ចាត់​ការ​ទាំង​អស់​របស់​សា​លា​ខេត្ត​មន្ទីរ អង្គ​ភាព​ជុំវិញខេត្ដ ក្រុម​ប្រឹក្សា​គណៈ​អភិបាល​ក្រុង-ស្រុក ទីប្រឹក្សានៃគម្រោងគាំទ្រកិច្ចអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិប្រចាំខេត្ដ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាក្នុងខេត្ដដែលបានដឹកនាំ សម្របសម្រួល និង ចូលរួម​ក្នុង​ដំណើរ​ការ​ក​សាង​កម្ម​វិធី​វិនិយោគបី​ឆ្នាំ​រំកិល​ខេត្ដ​រហូត​បាន​សម្រេច​ជា​ស្ថា​ពរ។

ក្រុម​ប្រឹក្សា​ខេត្ដ​មាន​ជំនឿ​ជាក់​ថា​កម្ម​វិធីវិនិយោគ​បី​ឆ្នាំ​រំកិល ២០១១-២០១៣ នេះ​នឹង​ត្រូវ​បាន​អនុវត្ដ​ប្រកប​ដោយ​តម្លា​ភាព​គណនេយ្យភាព​ការ​ចូល​រូម និង ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​រៀង​រាល់​ឆ្នាំ។ ក្រុម​ប្រឹក្សា​ខេត្ដ​សង្ឃឹម​ថា រដ្ឋ​បាល​ឯកភាព​ខេត្ដ​កណ្ដាល​នឹង​មាន​លទ្ធ​ភាព​ស្វែង​រក​ធន​ធាន​បន្ថែម​ទៀត​ដើម្បី​អនុវត្ដ​គំរោង​អាទិភាព​នានា​ដែល​បាន​លើក​ឡើង​ក្នុង​កម្ម​វិធីវិនិយោគ​នេះ។

សូមចុចទីនេះដើម្បីទាញយកព័ត៌មានលំអិតស្តីកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១១-២០១៣